២ សាំយូ‌អែល 20:11-17 KHSV

11 មាន​ទាហាន​ម្នាក់​របស់​លោក​យ៉ូអាប់ ដែល​ឈរ​នៅ​ជិត​សព​របស់​លោក​អម៉ា‌សា ពោល​ឡើង​ថា៖ «អ្នក​ណា​នៅ​ខាង​លោក​យ៉ូអាប់ និង​នៅ​ខាង​ព្រះ‌បាទ​ដាវីឌ ចូរ​ទៅ​តាម​លោក​យ៉ូអាប់​ចុះ!»។

12 លោក​អម៉ា‌សា​ដេក​ក្នុង​ថ្លុក​ឈាម នៅ​កណ្ដាល​ផ្លូវ។ ទាហាន​នោះ​សង្កេត​ឃើញ​ថា ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់​ស្ងៀម។ ដូច្នេះ គេ​ក៏​ទាញ​សព​ចេញ​ពី​ផ្លូវ ដាក់​ក្នុង​ស្រែ​មួយ​ក្បែរ​នោះ ហើយ​បោះ​អាវ​ធំ​មួយ​គ្រប​ពី​លើ។

13 នៅ​ពេល​ទាហាន​នោះ​ទាញ​សព​ចេញ​ពី​ផ្លូវ​ហើយ ទាហាន​ទាំង​អស់​នាំ​គ្នា​បន្ត​ដំណើរ​តាម​ពី​ក្រោយ​លោក​យ៉ូអាប់ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។

14 លោក​យ៉ូអាប់​ដើរ​កាត់​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អេបិល-‌បេត‌ម៉ាកា។ រីឯ​ជន‌ជាតិ​បេរី​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​តាម​លោក​ដែរ។

15 លោក​យ៉ូអាប់ ព្រម​ទាំង​ពល​ទាហាន​ឡោម‌ព័ទ្ធ​លោក​សេបា ដែល​ស្នាក់​នៅ​ទីក្រុង​នេះ។ ពួក​ទាហាន​នាំ​គ្នា​លើក​ដី​ឲ្យ​ខ្ពស់ ស្មើ​នឹង​កំពែង​ក្រុង។ ពួក​គេ​ជីក​រំលើង​កំពែង​ក្រុង​ឲ្យ​រលំ។

16 គ្រា​នោះ មាន​ស្ត្រី​ឈ្លាស​វៃ​ម្នាក់​ស្រែក​ពី​ក្នុង​ក្រុង​មក​ថា៖ «សូម​មេត្តា​ស្ដាប់​សិន! សូម​អញ្ជើញ​លោក​យ៉ូអាប់​មក​ទី​នេះ នាង​ខ្ញុំ​មាន​ការ​ចង់​ជម្រាប​លោក»។

17 លោក​យ៉ូអាប់​ចូល​ទៅ​ជិត ស្ត្រី​នោះ​សួរ​លោក​ថា៖ «តើ​លោក​ជា​លោក​យ៉ូអាប់​ឬ?» លោក​យ៉ូអាប់​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ស្ត្រី​នោះ​ពោល​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​ស្ដាប់​នាង​ខ្ញុំ​សិន»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «និយាយ​មក​ចុះ!»។