13 នៅពេលទាហាននោះទាញសពចេញពីផ្លូវហើយ ទាហានទាំងអស់នាំគ្នាបន្តដំណើរតាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។
14 លោកយ៉ូអាប់ដើរកាត់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅក្រុងអេបិល-បេតម៉ាកា។ រីឯជនជាតិបេរីទាំងប៉ុន្មានក៏ប្រមូលគ្នាទៅតាមលោកដែរ។
15 លោកយ៉ូអាប់ ព្រមទាំងពលទាហានឡោមព័ទ្ធលោកសេបា ដែលស្នាក់នៅទីក្រុងនេះ។ ពួកទាហាននាំគ្នាលើកដីឲ្យខ្ពស់ ស្មើនឹងកំពែងក្រុង។ ពួកគេជីករំលើងកំពែងក្រុងឲ្យរលំ។
16 គ្រានោះ មានស្ត្រីឈ្លាសវៃម្នាក់ស្រែកពីក្នុងក្រុងមកថា៖ «សូមមេត្តាស្ដាប់សិន! សូមអញ្ជើញលោកយ៉ូអាប់មកទីនេះ នាងខ្ញុំមានការចង់ជម្រាបលោក»។
17 លោកយ៉ូអាប់ចូលទៅជិត ស្ត្រីនោះសួរលោកថា៖ «តើលោកជាលោកយ៉ូអាប់ឬ?» លោកយ៉ូអាប់តបថា៖ «គឺខ្ញុំនេះហើយ»។ ស្ត្រីនោះពោលថា៖ «សូមលោកម្ចាស់មេត្តាស្ដាប់នាងខ្ញុំសិន»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «និយាយមកចុះ!»។
18 ស្ត្រីនោះ ពោលបន្តទៀតថា៖ «ពីដើម គេមានទម្លាប់ពោលថា ត្រូវតែពិគ្រោះគ្នាជាមួយអ្នកក្រុងអេបិលសិន ទើបកិច្ចការបានសម្រេច។
19 ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្ដីសុខ និងស្មោះត្រង់ជាងគេ ក្នុងស្រុកអ៊ីស្រាអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ក្នុងស្រុកអ៊ីស្រាអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់ព្រះអម្ចាស់ដូច្នេះ?»។