២ សាំយូ‌អែល 20:15-21 KHSV

15 លោក​យ៉ូអាប់ ព្រម​ទាំង​ពល​ទាហាន​ឡោម‌ព័ទ្ធ​លោក​សេបា ដែល​ស្នាក់​នៅ​ទីក្រុង​នេះ។ ពួក​ទាហាន​នាំ​គ្នា​លើក​ដី​ឲ្យ​ខ្ពស់ ស្មើ​នឹង​កំពែង​ក្រុង។ ពួក​គេ​ជីក​រំលើង​កំពែង​ក្រុង​ឲ្យ​រលំ។

16 គ្រា​នោះ មាន​ស្ត្រី​ឈ្លាស​វៃ​ម្នាក់​ស្រែក​ពី​ក្នុង​ក្រុង​មក​ថា៖ «សូម​មេត្តា​ស្ដាប់​សិន! សូម​អញ្ជើញ​លោក​យ៉ូអាប់​មក​ទី​នេះ នាង​ខ្ញុំ​មាន​ការ​ចង់​ជម្រាប​លោក»។

17 លោក​យ៉ូអាប់​ចូល​ទៅ​ជិត ស្ត្រី​នោះ​សួរ​លោក​ថា៖ «តើ​លោក​ជា​លោក​យ៉ូអាប់​ឬ?» លោក​យ៉ូអាប់​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ស្ត្រី​នោះ​ពោល​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​ស្ដាប់​នាង​ខ្ញុំ​សិន»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «និយាយ​មក​ចុះ!»។

18 ស្ត្រី​នោះ ពោល​បន្ត​ទៀត​ថា៖ «ពី​ដើម គេ​មាន​ទម្លាប់​ពោល​ថា ត្រូវ​តែ​ពិគ្រោះ​គ្នា​ជា​មួយ​អ្នក​ក្រុង​អេបិល​សិន ទើប​កិច្ចការ​បាន​សម្រេច។

19 ក្រុង​របស់​យើង​ខ្ញុំ​ជា​ក្រុង​មួយ​ចង់​បាន​តែ​សេចក្ដី​សុខ និង​ស្មោះ​ត្រង់​ជាង​គេ ក្នុង​ស្រុក​អ៊ីស្រា‌អែល។ រីឯ​លោក​វិញ លោក​ចង់​បំផ្លាញ​ក្រុង​នេះ ដែល​ជា​ក្រុង​ដ៏​សំខាន់​ក្នុង​ស្រុក​អ៊ីស្រា‌អែល! ហេតុ​អ្វី​បាន​ជា​លោក​ចង់​បំផ្លាញ​ក្រុង​ជា​មត៌ក​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។

20 លោក​យ៉ូអាប់​តប​ថា៖ «ទេ! ខ្ញុំ​គ្មាន​បំណង​នឹង​កម្ទេច ឬ​បំផ្លាញ​ក្រុង​នេះ​ទាល់​តែ​សោះ។

21 ពួក​យើង​គ្មាន​បំណង​ដូច្នេះ​ទេ! ប៉ុន្តែ មាន​បុរស​ម្នាក់​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌បាទ​ដាវីឌ។ ចូរ​ប្រគល់​អ្នក​នោះ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ដក​ទ័ព​ចេញ​ពី​ក្រុង​នោះ​ភ្លាម»។ ស្ត្រី​នោះ​ពោល​ថា៖ «ដូច្នេះ យើង​ខ្ញុំ​នឹង​បោះ​ក្បាល​អ្នក​នោះ​ពី​លើ​កំពែង​ទៅ​ជូន​លោក»។