19 ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្ដីសុខ និងស្មោះត្រង់ជាងគេ ក្នុងស្រុកអ៊ីស្រាអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ក្នុងស្រុកអ៊ីស្រាអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់ព្រះអម្ចាស់ដូច្នេះ?»។
20 លោកយ៉ូអាប់តបថា៖ «ទេ! ខ្ញុំគ្មានបំណងនឹងកម្ទេច ឬបំផ្លាញក្រុងនេះទាល់តែសោះ។
21 ពួកយើងគ្មានបំណងដូច្នេះទេ! ប៉ុន្តែ មានបុរសម្នាក់នៅតំបន់ភ្នំអេប្រាអ៊ីម ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានបះបោរប្រឆាំងនឹងព្រះបាទដាវីឌ។ ចូរប្រគល់អ្នកនោះមកឲ្យខ្ញុំ ខ្ញុំនឹងដកទ័ពចេញពីក្រុងនោះភ្លាម»។ ស្ត្រីនោះពោលថា៖ «ដូច្នេះ យើងខ្ញុំនឹងបោះក្បាលអ្នកនោះពីលើកំពែងទៅជូនលោក»។
22 នាងក៏ទៅពន្យល់ណែនាំប្រជាជនទាំងមូល តាមប្រាជ្ញាឈ្លាសវៃរបស់នាង។ ដូច្នេះ គេកាត់កលោកសេបា ហើយបោះក្បាលមកជូនលោកយ៉ូអាប់។ លោកយ៉ូអាប់ផ្លុំត្រែឡើង ពលទាហានក៏ដកទ័ពចេញពីក្រុង ត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ រីឯលោកយ៉ូអាប់ក៏វិលត្រឡប់ទៅគាល់ស្ដេច នៅក្រុងយេរូសាឡឹមវិញដែរ។
23 លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពអ៊ីស្រាអែលទាំងមូល។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការកងពលកេរេធីម និងពេលេធីម។
24 លោកអដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន។ លោកយ៉ូសាផាតជាកូនលោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
25 លោកសេរ៉ាយ៉ាជាលេខាធិការ លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។