4 ស្ដេចមានរាជឱង្ការថា៖ «តើគេនៅឯណា?»។ ស៊ីបាទូលថា៖ «លោកស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា»។
5 ព្រះបាទដាវីឌចាត់គេឲ្យទៅតាមរកលោកមេភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា។
6 កាលលោកមេភីបូសែត ជាកូនរបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល បានមកជួបព្រះបាទដាវីឌ លោកអោនចុះ ក្រាបមុខដល់ដី ថ្វាយបង្គំស្ដេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរលោកថា៖ «អ្នកឈ្មោះមេភីបូសែតមែនឬ?»។ លោកទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។
7 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នក ដោយសប្បុរស ព្រោះយើងគិតដល់សម្ដេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
8 លោកមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំមានឋានៈអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។
9 ពេលនោះ ស្ដេចត្រាស់ហៅស៊ីបាជាអ្នកបម្រើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល និងព្រះញាតិវង្ស ឲ្យមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក។
10 ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបម្រើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចម្ការនោះឲ្យមេភីបូសែត ហើយប្រមូលភោគផលជាស្បៀងអាហារ ទុកសម្រាប់បុត្ររបស់ម្ចាស់អ្នកផង។ រីឯមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។