យ៉ូហាន 10:13-19 KHSV

13 អ្នក​នោះ​មិន​ខ្វល់​ខ្វាយ​នឹង​ចៀម​ឡើយ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ។

14 ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ

15 គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

16 ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។

17 «ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ឲ្យ​បាន​ជីវិត​នោះ​មក​វិញ។

18 គ្មាន​នរណា​ដក​ហូត​ជីវិត​របស់​ខ្ញុំ​បាន​ឡើយ គឺ​ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូ​ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ តាម​បទ‌បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌បិតា​មក»។

19 ព្រះ‌បន្ទូល​ទាំង​នេះ​ធ្វើ​ឲ្យ​ជន‌ជាតិ​យូដា​បាក់​បែក​គ្នា​ម្ដង​ទៀត។