យ៉ូហាន 6 KHSV

ព្រះ‌យេស៊ូ​ប្រទាន​នំប៉័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់

1 បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​សមុទ្រ​កាលី‌ឡេ ដែល​មាន​ឈ្មោះ​ថា​សមុទ្រ​ទីបេ‌រាស។

2 មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​តាម​ព្រះ‌អង្គ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។

3 ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស*។

4 ពេល​នោះ បុណ្យ​ចម្លង* ជា​បុណ្យ​របស់​ជន‌ជាតិ​យូដា កាន់​តែ​ខិត​ជិត​ណាស់​ហើយ។

5 ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​មក​តាម​ព្រះ‌អង្គ​ច្រើន​កុះ‌ករ​យ៉ាង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។

6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ត​លោក​ភីលីព តាម​ពិត ព្រះ‌អង្គ​ជ្រាប​អំពី​កិច្ចការ​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។

7 លោក​ភីលីព​ទូល​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ​រយ​ដួង*​ទៅ​ទិញ​នំប៉័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។

8 មាន​សិស្ស​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស ទូល​ព្រះ‌អង្គ​ថា៖

9 «នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្តែ បើ​មាន​តែ​ប៉ុណ្ណឹង​ធ្វើ​ម្ដេច​នឹង​ឲ្យ​គ្រាន់​សម្រាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។

10 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឲ្យ​គេ​អង្គុយ​ចុះ»។ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន បណ្ដា‌ជន​ក៏​នាំ​គ្នា​អង្គុយ មាន​មនុស្ស​ប្រុស​ទាំង​អស់​ប្រមាណ​ប្រាំ​ពាន់​នាក់។

11 ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​រួច​ប្រទាន​ឲ្យ​អ្នក​អង្គុយ​នៅ​ទី​នោះ។ រីឯ​ត្រី​វិញ ព្រះ‌អង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ ទ្រង់​ប្រទាន​ឲ្យ​គេ តាម​តែ​ម្នាក់ៗ​ចង់​បាន។

12 លុះ​គេ​បាន​បរិភោគ​ឆ្អែត​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​នំប៉័ង​ដែល​នៅ​សល់ កុំ​ឲ្យ​មាន​បាត់​មួយ​ដុំ​សោះ​ឡើយ»។

13 ពួក​សិស្ស​នាំ​គ្នា​រើស​សំណល់​នំប៉័ង​ទាំង​ប្រាំ​ដុំ ដែល​បណ្ដា‌ជន​បរិភោគ​សល់ ប្រមូល​ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។

14 កាល​មនុស្ស‌ម្នា​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ​នោះ ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»។

15 ព្រះ‌យេស៊ូ​ជ្រាប​ថា​គេ​បម្រុង​នឹង​ចាប់​ព្រះ‌អង្គ​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​មួយ​ព្រះ‌អង្គ​ឯង។

ព្រះ‌យេស៊ូ​យាង​លើ​ទឹក​សមុទ្រ

16 លុះ​ដល់​ល្ងាច ពួក​សិស្ស*​នាំ​គ្នា​ចុះ​ទៅ​មាត់​សមុទ្រ។

17 គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ ងងឹត​ហើយ តែ​ព្រះ‌យេស៊ូ​ពុំ​ទាន់​យាង​មក​រក​គេ​នៅ​ឡើយ​ទេ

18 ខ្យល់​បក់​បោក​មក​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​មាន​រលក​ធំៗ។

19 កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

20 ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី»។

21 ពួក​សិស្ស​ចង់​យាង​ព្រះ‌អង្គ​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។

ព្រះ‌យេស៊ូ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត

22 ថ្ងៃ​បន្ទាប់​មក​ទៀត បណ្ដា‌ជន​ដែល​នៅ​ត្រើយ​ខាង​នាយ​សមុទ្រ សង្កេត​ឃើញ​ថា នៅ​កន្លែង​នោះ​មាន​ទូក​តែ​មួយ​គត់ ហើយ​ថា​ព្រះ‌យេស៊ូ​ពុំ​បាន​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស*​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​បាន​ជិះ​ទូក​ចេញ​ទៅ។

23 ប៉ុន្តែ មាន​ទូក​ឯ​ទៀតៗ​មក​ពី​ភូមិ​ទីបេ‌រាស ចត​នៅ​ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំប៉័ង ក្រោយ​ពី​ព្រះ‌អម្ចាស់​បាន​អរ​ព្រះ‌គុណ។

24 កាល​បណ្ដា‌ជន​ពុំ​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​នៅ​ទី​នោះ​ទៀត គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ទាំង​នោះ​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម តាម​រក​ព្រះ‌អង្គ។

25 បណ្ដា‌ជន​បាន​ជួប​ព្រះ‌អង្គ​នៅ​ត្រើយ​ម្ខាង គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! តើ​លោក​មក​ដល់​ពី​អង្កាល់?»។

26 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។

27 កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។

28 គេ​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់?»។

29 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ចការ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក»។

30 គេ​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ?

31 បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន*​ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំប៉័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខ*​មក”»។

32 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ*​មក​ឲ្យ​អ្នក​រាល់​គ្នា

33 ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។

34 គេ​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើង​ខ្ញុំ រហូត​ត​ទៅ»។

35 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។

36 ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។

37 អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ​តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត

38 ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។

39 រីឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ខ្ញុំ​ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។

40 ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះ‌អង្គ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។

41 ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​ព្រះ‌យេស៊ូ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ*”។

42 គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា​គាត់​ចុះ​មក​ពី​ស្ថាន​បរម‌សុខ​ដូច្នេះ?»។

43 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូ‌រទាំ​ទៅ!។

44 ប្រសិន​បើ​ព្រះ‌បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​បាន​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។

45 ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់”។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។

46 សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះ‌អង្គ។

47 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

48 ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។

49 បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ហើយ​ទទួល​មរណ‌ភាព​អស់​ទៅ។

50 រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ អ្នក​នោះ​មិន​ស្លាប់​ឡើយ។

51 ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។

52 ជន‌ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឲ្យ​ខ្លួន​គាត់​ផ្ទាល់​មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។

53 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​លោហិត​របស់​បុត្រ​មនុស្ស*​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។

54 អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។

55 សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ លោហិត​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។

56 អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។

57 ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ព្រះ‌អង្គ​យ៉ាង​ណា អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។

58 អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរម‌សុខ​មក មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណ‌ភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច»។

59 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ នៅ​ពេល​ព្រះ‌អង្គ​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* នៅ​ក្រុង​កាពើ‌ណិម។

60 ក្រោយ​ពី​បាន​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ ក្នុង​ចំណោម​សិស្ស*​មាន​គ្នា​ច្រើន​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​ទាស់​ត្រចៀក​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន?»។

61 ព្រះ‌យេស៊ូ​ឈ្វេង​យល់​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​ពាក្យ​ទាំង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត បាត់​ជំនឿ​ឬ?

62 ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រ​មនុស្ស*​ឡើង​ទៅ​ស្ថាន​ដែល​លោក​នៅ​ពី​មុន​វិញ តើ​ចិត្ត​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា?

63 មាន​តែ​ព្រះ‌វិញ្ញាណ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។

64 ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​គ្មាន​ជំនឿ​ទេ»។ តាំង​ពី​ដើម​ដំបូង​មក ព្រះ‌យេស៊ូ​ស្គាល់​អស់​អ្នក​ដែល​គ្មាន​ជំនឿ ព្រម​ទាំង​ស្គាល់​អ្នក​ដែល​នឹង​ក្បត់​ព្រះ‌អង្គ​រួច​ស្រេច​ទៅ​ហើយ។

65 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​ព្រះ‌បិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​បាន​ឡើយ»។

66 ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះ‌អង្គ​ទៀត។

67 ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស​ទាំង​ដប់‌ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។

68 លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច។

69 យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក»។

70 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ក៏​ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​មារ»។

71 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្កា‌រីយ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​ព្រះ‌អង្គ ទោះ​បី​គាត់​ជា​សិស្ស​មួយ​រូប​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​ក៏​ដោយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21