1 នៅមុនថ្ងៃបុណ្យចម្លង* ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សិស្សរបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ទ្រង់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
2 ពេលនោះ ព្រះយេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង*បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។
3 ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។
4 ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។
5 បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។
6 ពេលព្រះអង្គហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនពេត្រុស លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងឲ្យទូលបង្គំសោះ!»។
7 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន»។
8 លោកពេត្រុសទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយ»។
9 លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។
10 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ*ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។
11 ព្រះអង្គមានព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា”ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។
12 កាលព្រះយេស៊ូលាងជើងឲ្យគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការ ដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នានេះឬទេ?
13 អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។
14 បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។
15 ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។
16 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបម្រើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកចាត់ខ្លួនឲ្យទៅនោះដែរ។
17 ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
18 ខ្ញុំនិយាយដូច្នេះមិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា: “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។
19 ខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីឥឡូវនេះឲ្យហើយ មុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។
20 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
21 កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គរន្ធត់ព្រះហឫទ័យក្រៃលែង ទ្រង់មានព្រះបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
22 ពួកសិស្ស*ងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។
23 សិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។
24 លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាឲ្យគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។
25 សិស្សនោះក៏អោនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។
26 ព្រះយេស៊ូមានព្រះបន្ទូល តបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំប៉័ងមួយដុំហុចទៅឲ្យអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំប៉័ងមួយដុំ ហុចទៅឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនរបស់លោកស៊ីម៉ូន។
27 ពេលយូដាសទទួលដុំនំប៉័ងនោះ មារសាតាំង*ក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។
28 ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។
29 ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់ឲ្យទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។
30 យូដាសទទួលយកដុំនំប៉័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។
31 លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្ស បានសម្តែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។
32 បើព្រះជាម្ចាស់បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។
33 ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្តែ ឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។
34 ខ្ញុំឲ្យបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
35 បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសិស្ស*របស់ខ្ញុំមែន»។
36 លោកស៊ីម៉ូនពេត្រុសទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គយាងទៅណា?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះបានទេ ថ្ងៃក្រោយ ទើបអ្នកទៅបាន»។
37 លោកពេត្រុសទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ព្រះអង្គ»។
38 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។