1 ខ្ញុំនិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តងាកចេញពីជំនឿ។
2 គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ* ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នា នឹកស្មានថាខ្លួនគោរពបម្រើព្រះជាម្ចាស់។
3 គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។
4 ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះ ខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។
5 «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា“តើលោកអញ្ជើញទៅណា”ឡើយ។
6 ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្តខ្លាំងណាស់។
7 ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។
8 កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត* និងអំពីការកាត់ទោស។
9 គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ
10 អំពីសេចក្ដីសុចរិត ព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ
11 អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។
12 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។
13 កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង។
14 ព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។
15 អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មានសុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។
16 «បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។
17 សិស្ស*ខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ” ហើយថា “ខ្ញុំនឹងទៅឯព្រះបិតា” តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។
18 គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត”នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ!»។
19 ព្រះយេស៊ូជ្រាបថាគេចង់សួរព្រះអង្គ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថា បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ។
20 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។
21 ពេលស្ត្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្តណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សម្រាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។
22 អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាបានឡើយ។
23 នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។
24 មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
25 «ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្តិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។
26 នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឲ្យអ្នករាល់គ្នាឡើយ
27 ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីព្រះជាម្ចាស់មក។
28 ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។
29 ពួកសិស្ស*ទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំហើយ ព្រះអង្គមិនប្រើប្រស្នាទៀតទេ។
30 ឥឡូវនេះ យើងខ្ញុំដឹងថាព្រះអង្គឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។
31 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ឥឡូវនេះអ្នករាល់គ្នាជឿមែនឬ!
32 ប៉ុន្តែ ពេលកំណត់មកដល់ គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឲ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។
33 ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។