1 សូមបងប្អូនអត់អោនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់អោនឲ្យខ្ញុំផង!
2 ព្រោះខ្ញុំប្រច័ណ្ឌបងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រិស្ដ*។
3 ប៉ុន្តែ ខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្តគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្តស្មោះសរ និងចិត្តបរិសុទ្ធ* ចំពោះព្រះគ្រិស្ដយ៉ាងនោះដែរ
4 ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះវិញ្ញាណដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អ*ណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់អោនឲ្យគេយ៉ាងស្រួលៗ។