២ កូរិន‌ថូស 12:11-17 KHSV

11 ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង‌ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង‌ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។

12 មាន​សញ្ញា​សម្គាល់​ផ្សេងៗ​ដែល​បញ្ជាក់​ថា ខ្ញុំ​ជា​សាវ័ក​បាន​កើត​ឡើង​ក្នុង​ចំណោម​បង‌ប្អូន គឺ​មាន​ការ​អត់‌ធ្មត់​គ្រប់​យ៉ាង មាន​ទី​សម្គាល់ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​អស្ចារ្យ​ផ្សេងៗ។

13 បង‌ប្អូន​មិន​បាន​ទទួល​អ្វី​តិច​ជាង​ក្រុម‌ជំនុំ​ឯ​ទៀតៗ​នោះ​ឡើយ វៀរ‌លែង​តែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង‌ប្អូន​ប៉ុណ្ណោះ សូម​បង‌ប្អូន​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​ភាព​អយុត្ដិ‌ធម៌​នេះ​ផង។

14 ឥឡូវ​នេះ ខ្ញុំ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បង‌ប្អូន​ជា​លើក​ទី​បី ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បង‌ប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បង‌ប្អូន​ឡើយ គឺ​ចង់​បាន​បង‌ប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុក‌ម្ដាយ​ទេ គឺ​ឪពុក‌ម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​ឲ្យ​កូន!

15 ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​បង‌ប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បង‌ប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បង‌ប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?

16 យើង​សន្មត​ទៅ​ចុះ​ថា ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង‌ប្អូន​មែន តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា​ខ្ញុំ​ជា​មនុស្ស​មាន​ពុត‌ត្បុត ប្រើ​កល‌ល្បិច​បោក​ប្រាស់​បង‌ប្អូន។

17 តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បង‌ប្អូន តាម​រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បង‌ប្អូន​នោះ​ទេ?