16 យើងសន្មតទៅចុះថា ខ្ញុំពុំបានធ្វើជាបន្ទុកដល់បងប្អូនមែន តែប្រហែលជាមានអ្នកខ្លះថាខ្ញុំជាមនុស្សមានពុតត្បុត ប្រើកលល្បិចបោកប្រាស់បងប្អូន។
17 តើខ្ញុំមានដែលបោកប្រាស់បងប្អូន តាមរយៈអ្នកដែលខ្ញុំចាត់មករកបងប្អូននោះទេ?
18 ខ្ញុំបានអង្វរលោកទីតុសឲ្យមករកបងប្អូន ហើយខ្ញុំក៏ចាត់បងប្អូនម្នាក់ទៀតឲ្យមកជាមួយគាត់ដែរ តើលោកទីតុសបានបោកប្រាស់បងប្អូនឬ? តើយើងទាំងពីរនាក់មិនបានប្រកាន់យកចិត្តគំនិត និងដើរតាមគន្លងតែមួយទេឬ?
19 តាំងពីយូរមកហើយ បងប្អូនប្រហែលជាចេះតែស្មានថា យើងនិយាយដោះសានៅចំពោះមុខបងប្អូន! ទេ! យើងនិយាយដោយរួមជាមួយព្រះគ្រិស្ដ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បងប្អូនជាទីស្រឡាញ់អើយ! យើងនិយាយសេចក្ដីទាំងនេះ ដើម្បីកសាងជំនឿបងប្អូនតែប៉ុណ្ណោះ
20 ដ្បិតខ្ញុំបារម្ភខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញបងប្អូនមានលក្ខណៈ ដូចដែលខ្ញុំចង់ឃើញ ហើយក៏ខ្លាចក្រែងបងប្អូនឃើញខ្ញុំខុសពីលក្ខណៈដែលបងប្អូនចង់ឃើញនោះដែរ។ ខ្ញុំបារម្ភក្រែងលោមានការទាស់ទែងគ្នា ច្រណែនគ្នា ខឹងសម្បារ ប្រណាំងប្រជែង និយាយដើមគ្នា បរិហារកេរ្តិ៍គ្នា អួតបំប៉ាង ខ្វះសណ្ដាប់ធ្នាប់។
21 ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ ព្រះរបស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្តអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្តគំនិត លះបង់អំពើសៅហ្មង ប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្តនៅឡើយ។