២ កូរិន‌ថូស 13:7-13 KHSV

7 យើង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​ព្រះ‌អង្គ​គង់​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យ‌ពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​ព្រះ‌អង្គ​គង់​ជា​មួយ​ក៏​ដោយ

8 ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​បាន​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បម្រើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។

9 យើង​សប្បាយ​ចិត្ត នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បង‌ប្អូន​មាន​កម្លាំង។ យើង​អធិស្ឋាន​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​ឲ្យ​បង‌ប្អូន​បាន​គ្រប់​លក្ខណៈ។

10 ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង‌ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បង‌ប្អូន តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះ‌អង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។

11 នៅ​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​ឲ្យ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ត​គ្នា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​គ្នា នោះ​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ‌សាន្ត មុខ​ជា​គង់​ជា​មួយ​បង‌ប្អូន​មិន​ខាន។

12 ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធ‌ស្នាល​ផង។ បង‌ប្អូន​ដ៏‌វិសុទ្ធ*​ទាំង​អស់​ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។

13 សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ និង​ការ​រួម​រស់​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*។