២ កូរិន‌ថូស 2:1-6 KHSV

1 ដូច្នេះ ខ្ញុំ​សម្រេច​ថា​ខ្ញុំ​មិន​វិល​មក​រក​បង‌ប្អូន​វិញ ទាំង​ព្រួយ​ចិត្ត​នោះ​ឡើយ។

2 បើ​ខ្ញុំ​ធ្វើ​ឲ្យ​បង‌ប្អូន​ព្រួយ​ចិត្ត​ទៅ​ហើយ តើ​នរណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត​នោះ?

3 សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បង‌ប្អូន មាន​គោល​បំណង​ចៀស‌វាង​កុំ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ បង‌ប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។

4 ខ្ញុំ​សរសេរ​មក​បង‌ប្អូន ទាំង​តឹង​ទ្រូង ទាំង​ពិបាក​ចិត្ត ទាំង​ស្រក់​ទឹក​ភ្នែក តែ​មិន​មែន​ចង់​ធ្វើ​ឲ្យ​បង‌ប្អូន​ព្រួយ​ចិត្ត​ទេ គឺ​ចង់​សម្តែង​ឲ្យ​បង‌ប្អូន​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លប់​របស់​ខ្ញុំ​ចំពោះ​បង‌ប្អូន។

5 ប្រសិន​បើ​នរណា​ម្នាក់​បង្កើត​ឲ្យ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ គឺ​គាត់​ធ្វើ​ឲ្យ​បង‌ប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត ឬ​យ៉ាង​ហោច​ណាស់ ក៏​ឲ្យ​បង‌ប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ត (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។

6 បើ​បង‌ប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។