២ កូរិន‌ថូស 2:11-17 KHSV

11 ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​បោក​មារ*​សា‌តាំង ដ្បិត​យើង​ស្គាល់​គម្រោង‌ការ​របស់​វា​ស្រាប់​ហើយ។

12 ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ដ ទោះ​បី​ព្រះ‌អម្ចាស់​បាន​បើក​ឱកាសឲ្យ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ត​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។

13 ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បង‌ប្អូន​នៅ​ក្រុង​ត្រូអាស ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន។

14 សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជំនះ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​ជា‌និច្ច។ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​ព្រះ‌អង្គ តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិស‌ទី!។

15 ចំពោះ​ព្រះ‌ជាម្ចាស់ គឺ​យើង​នេះ​ហើយ​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រិស្ដ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​អន្តរាយ។

16 ចំពោះ​អ្នក​វិនាស យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​គេ​ស្លាប់ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ​យើង​ជា​ក្លិន​នៃ​ជីវិត ដែល​នាំ​ឲ្យ​គេ​មាន​ជីវិត។ តើ​នរណា​មាន​សមត្ថ‌ភាព​អាច​នឹង​បំពេញ​កិច្ចការ​នេះ​បាន?

17 យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​សុទ្ធ​ចិត្ត ក្នុង​នាម​ព្រះ‌ជាម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ។