12 ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ*របស់ព្រះគ្រិស្ដ ទោះបីព្រះអម្ចាស់បានបើកឱកាសឲ្យខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំពុំបានស្ងប់ដែរ ព្រោះរកលោកទីតុសមិនឃើញ។
13 ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាស ធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។
14 សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានឲ្យយើងមានជ័យជំនះរួមជាមួយព្រះគ្រិស្ដជានិច្ច។ ព្រះអង្គប្រោសប្រទានឲ្យមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់ព្រះអង្គ តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។
15 ចំពោះព្រះជាម្ចាស់ គឺយើងនេះហើយជាក្លិនក្រអូបរបស់ព្រះគ្រិស្ដ ក្នុងចំណោមអស់អ្នកដែលបានទទួលការសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាសអន្តរាយ។
16 ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះយើងជាក្លិននៃជីវិត ដែលនាំឲ្យគេមានជីវិត។ តើនរណាមានសមត្ថភាពអាចនឹងបំពេញកិច្ចការនេះបាន?
17 យើងមិនមែនជាអ្នកក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយសុទ្ធចិត្ត ក្នុងនាមព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងនៅក្នុងអង្គព្រះគ្រិស្ដ។