4 យើងមានសេចក្ដីទុកចិត្តដ៏មុតមាំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះគ្រិស្ដនេះហើយ។
5 យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះដែលប្រទានឲ្យយើងមានសមត្ថភាពអាចធ្វើបាន។
6 ព្រះអង្គក៏ប្រទានឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រី*ថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយព្រះវិញ្ញាណវិញ ដ្បិតក្រឹត្យវិន័យ*ដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលឲ្យស្លាប់ រីឯព្រះវិញ្ញាណទ្រង់ប្រទានជីវិត។
7 ក្រឹត្យវិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោក ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើក្រឹត្យវិន័យដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ
8 ចុះទំរាំបើមុខងារបម្រើព្រះវិញ្ញាណវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត?
9 ប្រសិនបើមុខងារដែលធ្វើឲ្យមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមុខងារដែលធ្វើឲ្យមនុស្សបានសុចរិត*វិញ តើនឹងរឹងរឹតតែមានសិរីរុងរឿងប្រសើរលើសលប់យ៉ាងណាទៅទៀត?
10 ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថា សិរីរុងរឿងពីដើមដូចជាមិនរុងរឿងទាល់តែសោះ។