8 យើងមានចិត្តក្លាហាន យើងចូលចិត្តឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។
9 ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាឲ្យតែបានគាប់ព្រះហឫទ័យព្រះអង្គ
10 ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ដ ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។
11 ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្តយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្តយើងដែរ)។
12 យើងមិនតែងតាំងខ្លួនឯងនៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសឲ្យបងប្អូនបានខ្ពស់មុខ ព្រោះតែយើងវិញ ដើម្បីឲ្យបងប្អូនអាចឆ្លើយតបនឹងអស់អ្នក ដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅ ហើយមិនគិតពីអ្វីៗក្នុងចិត្តទេ។
13 ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតី នោះយើងវង្វេងស្មារតី ព្រោះតែព្រះជាម្ចាស់ ហើយប្រសិនបើគេថា យើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវ ព្រោះតែបងប្អូន
14 ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។