២ កូរិន‌ថូស 5:9-15 KHSV

9 ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ

10 ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ទៅ​ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះ‌គ្រិស្ដ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​ពី​នៅ​រស់​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ទោះ​បី​ជា​អំពើ​នោះ​ល្អ ឬ​អាក្រក់​ក្ដី។

11 ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ ព្រះ‌ជាម្ចាស់​ស្គាល់​ចិត្ត​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បង‌ប្អូន បង‌ប្អូន​ក៏​ស្គាល់​ចិត្ត​យើង​ដែរ)។

12 យើង​មិន​តែង‌តាំង​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​បង‌ប្អូន​សា​ជា​ថ្មី​ទៀត​ទេ តែ​យើង​ជូន​ឱកាស​ឲ្យ​បង‌ប្អូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​យើង​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​អាច​ឆ្លើយ​តប​នឹង​អស់​អ្នក ដែល​អួត​ខ្លួន​តែ​ពី​អ្វីៗ​នៅ​ខាង​ក្រៅ ហើយ​មិន​គិត​ពី​អ្វីៗ​ក្នុង​ចិត្ត​ទេ។

13 ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​វង្វេង​ស្មារតី នោះ​យើង​វង្វេង​ស្មារតី ព្រោះ​តែ​ព្រះ‌ជាម្ចាស់ ហើយ​ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​ដឹង​ខុស​ត្រូវ នោះ​យើង​ដឹង​ខុស​ត្រូវ ព្រោះ​តែ​បង‌ប្អូន

14 ដ្បិត​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ដ​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។

15 ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិត​លែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។