២ កូរិន‌ថូស 6:13-18 KHSV

13 ខ្ញុំ​និយាយ​មក​បង‌ប្អូន​ដូច​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ខ្ញុំ ដូច្នេះ សូម​បង‌ប្អូន​មាន​ចិត្ត​ទូ‌លាយ​ជា​មួយ​យើង ដូច​ជា​យើង​មាន​ចិត្ត​ទូ‌លាយ​ចំពោះ​បង‌ប្អូន​ដែរ។

14 សូម​កុំ​សេព‌គប់​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ។ តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិត​ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ពន្លឺ និង​ភាព​ងងឹត ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ?

15 តើ​ព្រះ‌គ្រិស្ដ* និង​មារ*​សាតាំង​ចុះ​សំរុង​គ្នា​កើត​ឬ​ទេ? តើ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​មាន​ទំនាក់‌ទំនង​អ្វី​នឹង​គ្នា?

16 តើ​ព្រះ‌វិហារ*​របស់​ព្រះ‌ជាម្ចាស់ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង» ។

17 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ចូរ​ចេញ​ពី​ចំណោម​អ្នក​ទាំង​នោះ ហើយ​ញែក​ខ្លួន​ចេញ​ឲ្យ​ដាច់​ពី​ពួក​គេ កុំ​ប៉ះ‌ពាល់​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា

18 យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។