12 ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្តអាក្រក់ ឬគិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមក ដើម្បីឲ្យបងប្អូនមានឱកាសបង្ហាញទឹកចិត្តខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅមុខព្រះជាម្ចាស់។
13 ការនេះហើយដែលបានសម្រាលទុក្ខយើង។ ប៉ុន្តែ លើសពីនេះ យើងក៏មានអំណររឹតតែខ្លាំងថែមទៀត ដោយឃើញលោកទីតុសមានអំណរសប្បាយ ព្រោះបងប្អូនទាំងអស់គ្នាបានជួយគាត់ឲ្យស្ងប់ចិត្ត លែងព្រួយបារម្ភ។
14 ប្រសិនបើខ្ញុំបានខ្ពស់មុខបន្តិច ដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។
15 ពេលគាត់នឹកឃើញថា បងប្អូនទាំងអស់គ្នាតែងតែយកចិត្តទុកដាក់ស្ដាប់បង្គាប់ និងទទួលគាត់ដោយគោរពកោតខ្លាចញាប់ញ័រផងនោះ គាត់មានចិត្តស្រឡាញ់បងប្អូនរឹតតែខ្លាំងឡើងៗ។
16 ខ្ញុំត្រេកអរណាស់ ព្រោះខ្ញុំអាចទុកចិត្តបងប្អូន ក្នុងគ្រប់កិច្ចការទាំងអស់។