២ កូរិន‌ថូស 7:2-8 KHSV

2 សូម​បង‌ប្អូន​យល់​ចិត្ត​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​ឲ្យ​នរណា​ហិន‌ហោច ឬ​ក៏​កេង‌ប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។

3 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បង‌ប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បង‌ប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បង‌ប្អូន​ជា‌និច្ច។

4 ខ្ញុំ​ទុក​ចិត្ត​លើ​បង‌ប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បង‌ប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។

5 តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេ‌ដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សម្រាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ត យើង​ចេះ​តែ​បារម្ភ។

6 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​សម្រាល​ទុក្ខ​អ្នក​ទន់‌ទាប ទ្រង់​បាន​សម្រាល​ទុក្ខ​យើង ដោយ​លោក​ទីតុស​ទៅ​ដល់។

7 យើង​ធូរ​ចិត្ត មិន​មែន​ត្រឹម​តែ​បាន​លោក​ទីតុស​ទៅ​ដល់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​បង‌ប្អូន​បាន​សម្រាល​ទុក្ខ​គាត់​ផង​ដែរ។ គាត់​បាន​នាំ​ដំណឹង​មក​ថា បង‌ប្អូន​មាន​ចិត្ត​ចង់​ជួប​ខ្ញុំ​យ៉ាង​ខ្លាំង បង‌ប្អូន​បង្ហូរ​ទឹក​ភ្នែក ព្រម​ទាំង​ឈឺ‌ឆ្អាល​នឹង​ខ្ញុំ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​រឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

8 ប្រសិន​បើ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ក្នុង​សំបុត្រ​នេះ ធ្វើ​ឲ្យ​បង‌ប្អូន​ព្រួយ​ចិត្ត ក៏​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ស្ដាយ​ក្រោយ (ដ្បិត​ខ្ញុំ​យល់​ថា សំបុត្រ​នេះ​នឹង​នាំ​ឲ្យ​បង‌ប្អូន​ព្រួយ​ចិត្ត​មួយ​គ្រា​មែន)