6 ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែសម្រាលទុក្ខអ្នកទន់ទាប ទ្រង់បានសម្រាលទុក្ខយើង ដោយលោកទីតុសទៅដល់។
7 យើងធូរចិត្ត មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសម្រាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្តចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែក ព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើឲ្យខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។
8 ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ត ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្តមួយគ្រាមែន)
9 ក៏ខ្ញុំសប្បាយចិត្តនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្តនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្តគំនិត ដ្បិតបងប្អូនព្រួយចិត្តដូច្នេះ ស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។
10 តាមពិតទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំឲ្យកែប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍ តែងតែនាំឲ្យស្លាប់វិញ។
11 សូមគិតមើល៍ ទុក្ខព្រួយដែលស្របតាមព្រះជាម្ចាស់ដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្តខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោសទាស់ចិត្តនឹងអំពើអាក្រក់ មានចិត្តគោរពកោតខ្លាច មានចិត្តប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្តឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្តអំពើអាក្រក់ដែរ។ ការទាំងនេះបង្ហាញឲ្យឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។
12 ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្តអាក្រក់ ឬគិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមក ដើម្បីឲ្យបងប្អូនមានឱកាសបង្ហាញទឹកចិត្តខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅមុខព្រះជាម្ចាស់។