២ កូរិន‌ថូស 7:7-13 KHSV

7 យើង​ធូរ​ចិត្ត មិន​មែន​ត្រឹម​តែ​បាន​លោក​ទីតុស​ទៅ​ដល់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​បង‌ប្អូន​បាន​សម្រាល​ទុក្ខ​គាត់​ផង​ដែរ។ គាត់​បាន​នាំ​ដំណឹង​មក​ថា បង‌ប្អូន​មាន​ចិត្ត​ចង់​ជួប​ខ្ញុំ​យ៉ាង​ខ្លាំង បង‌ប្អូន​បង្ហូរ​ទឹក​ភ្នែក ព្រម​ទាំង​ឈឺ‌ឆ្អាល​នឹង​ខ្ញុំ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​រឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

8 ប្រសិន​បើ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ក្នុង​សំបុត្រ​នេះ ធ្វើ​ឲ្យ​បង‌ប្អូន​ព្រួយ​ចិត្ត ក៏​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ស្ដាយ​ក្រោយ (ដ្បិត​ខ្ញុំ​យល់​ថា សំបុត្រ​នេះ​នឹង​នាំ​ឲ្យ​បង‌ប្អូន​ព្រួយ​ចិត្ត​មួយ​គ្រា​មែន)

9 ក៏​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​នេះ ខ្ញុំ​សប្បាយ មិន​មែន​មក​ពី​បង‌ប្អូន​ព្រួយ​ចិត្ត​នោះ​ទេ គឺ​មក​ពី​ដឹង​ថា ទុក្ខ​ព្រួយ​នឹង​នាំ​ឲ្យ​បង‌ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​បង‌ប្អូន​ព្រួយ​ចិត្ត​ដូច្នេះ ស្រប​តាម​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ យើង​ពុំ​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ខូច​ខាត​អ្វី​ឡើយ។

10 តាម​ពិត​ទុក្ខ​ព្រួយ​ស្រប​តាម​ព្រះ‌ជាម្ចាស់​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍ តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។

11 សូម​គិត​មើល៍ ទុក្ខ​ព្រួយ​ដែល​ស្រប​តាម​ព្រះ‌ជាម្ចាស់​ដូច្នេះ មាន​ផល​ប្រយោជន៍​ចំពោះ​បង‌ប្អូន​យ៉ាង​ណា គឺ​បង‌ប្អូន​មាន​ចិត្ត​ខ្នះ‌ខ្នែង ហើយ​លើស​ពី​នេះ​ទៅ​ទៀត បង‌ប្អូន​ចេះ​សុំ​ទោស​ទាស់​ចិត្ត​នឹង​អំពើ​អាក្រក់ មាន​ចិត្ត​គោរព​កោត​ខ្លាច មាន​ចិត្ត​ប៉ង‌ប្រាថ្នា​យ៉ាង​ខ្លាំង មាន​ចិត្ត​ឈឺ‌ឆ្អាល ហើយ​បង‌ប្អូន​ក៏​ចេះ​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ការ​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បង‌ប្អូន​គ្មាន​សៅ‌ហ្មង​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។

12 ដូច្នេះ ហេតុ​ដែល​ខ្ញុំ​សរសេរ​មក​បង‌ប្អូន មិន​មែន​មក​ពី​គិត​ដល់​អ្នក​ប្រព្រឹត្ត​អាក្រក់ ឬ​គិត​ដល់​អ្នក​ដែល​រង​នូវ​អំពើ​អាក្រក់​នោះ​ឡើយ ខ្ញុំ​សរសេរ​មក ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ឱកាស​បង្ហាញ​ទឹក​ចិត្ត​ខ្នះ‌ខ្នែង​របស់​បង‌ប្អូន​ចំពោះ​យើង នៅ​មុខ​ព្រះ‌ជាម្ចាស់។

13 ការ​នេះ​ហើយ​ដែល​បាន​សម្រាល​ទុក្ខ​យើង។ ប៉ុន្តែ លើស​ពី​នេះ យើង​ក៏​មាន​អំណរ​រឹត​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​លោក​ទីតុស​មាន​អំណរ​សប្បាយ ព្រោះ​បង‌ប្អូន​ទាំង​អស់​គ្នា​បាន​ជួយ​គាត់​ឲ្យ​ស្ងប់​ចិត្ត លែង​ព្រួយ​បារម្ភ។