២ កូរិន‌ថូស 8:11-17 KHSV

11 ដូច្នេះ សូម​បង‌ប្អូន​បង្ហើយ​ការ​នេះ​ឥឡូវ​ចុះ។ បង‌ប្អូន​មាន​ឆន្ទៈ​ផ្ដើម​គំនិត​នេះ​យ៉ាង​ណា ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​ជា​ស្ថាពរ​តាម​សមត្ថ‌ភាព ដែល​បង‌ប្អូន​មាន​យ៉ាង​នោះ​ដែរ។

12 កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។

13 ក៏​ប៉ុន្តែ មិន​ត្រូវ​ឲ្យ​បង‌ប្អូន​ជួយ​អ្នក​ដទៃ​រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។

14 ក្នុង​កាលៈ‌ទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បង‌ប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បង‌ប្អូន​យក​ទៅ​ផ្គត់‌ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បង‌ប្អូន​ខ្វះ​ខាត គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់‌ផ្គង់​បង‌ប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា

15 ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា: «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិច‌បន្តួច​ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»។

16 សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​ចិត្ត​ខ្នះ‌ខ្នែង​ចង់​ជួយ​បង‌ប្អូន​ដូច​យើង​ដែរ

17 ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ត​ខ្នះ‌ខ្នែង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បង‌ប្អូន។