២ កូរិន‌ថូស 9:2-8 KHSV

2 ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​របស់​បង‌ប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បង‌ប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេ‌ដូន​ថា «បង‌ប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ត​ខ្នះ‌ខ្នែង​របស់​បង‌ប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន ឲ្យ​មាន​ចិត្ត​ស្ទុះ‌ស្ទា​ឡើង។

3 ខ្ញុំ​បាន​ចាត់​ពួក​បង‌ប្អូន​ខ្លះ​មក ដើម្បី​ឲ្យ​ឃើញ​ថា​ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បង‌ប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បង‌ប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។

4 ប្រសិន​បើ​បង‌ប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​បង‌ប្អូន​មិន​ទាន់​រៀបចំ​ខ្លួន​ទេ​នោះ មិន​ត្រឹម​តែ​យើង​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​អាម៉ាស់​មុខ បង‌ប្អូន​ក៏​នឹង​ត្រូវ​អាម៉ាស់​មុខ​ដែរ មក​ពី​យើង​ទុក​ចិត្ត​លើ​បង‌ប្អូន​ខ្លាំង​ពេក។

5 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​ឲ្យ​បង‌ប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បង‌ប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បង‌ប្អូន​សន្យា​នោះ ឲ្យ​បាន​រួច​រាល់។ ការ​នេះ​ស​ឲ្យ​ឃើញ​ថា បង‌ប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀត‌ចង្អល់​ទេ។

6 សូម​ចង​ចាំ​ថា អ្នក​ណា​ព្រោះ​តិច អ្នក​នោះ​ក៏​ច្រូត​បាន​ផល​តិច​ដែរ រីឯ​អ្នក​ដែល​ព្រោះ​ច្រើន​បរិបូណ៌ ក៏​ច្រូត​បាន​ផល​ច្រើន​បរិបូណ៌​ដែរ។

7 ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សម្រេច​ចិត្ត ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​រីក‌រាយ។

8 ព្រះ‌អង្គ​អាច​នឹង​ប្រទាន​ពរ​ដ៏​ហូរ‌ហៀរ​គ្រប់​យ៉ាង​ដល់​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បង‌ប្អូន​ត្រូវ​ការ​ដ៏​ចាំ‌បាច់​នោះ​ជា‌និច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សម្រាប់​ចែក​ទាន​ផង