យ៉ូប 12:17-23 KHOV

17 ទ្រង់​ដឹក‌នាំ​ពួក​អ្នក​ជួយ​គំនិត​ទៅ​តែ​ខ្លួន​ទទេ ហើយ​ប្រគល់​ពួក​ចៅ‌ក្រម​ទៅ​ក្នុង​សេចក្តី​ល្ងី‌ល្ងើ

18 ទ្រង់​រំលាយ​អំណាច​នៃ​ពួក​ស្តេច ហើយ​ចង​ខ្សែ​ភ្ជាប់​នៅ​ចង្កេះ​ផង

19 ទ្រង់​ក៏​ដឹក‌នាំ​ពួក​សង្ឃ​ទៅ​តែ​ខ្លួន​ទទេ ហើយ​ទំលាក់​ងារ​ពួក​មាន​អំណាច

20 ទ្រង់​ដក​ពាក្យ​សំដី​ពី​ពួក​អ្នក​ដែល​គួរ​ទុក​ចិត្ត​បាន ហើយ​ក៏​ដោះ​យក​យោបល់​ពី​ពួក​ចាស់‌ទុំ​ចេញ

21 ទ្រង់​ចាក់​សេចក្តី​មើល‌ងាយ​ទៅ​លើ​ពួក​សេដ្ឋី ក៏​បន្ធូរ​ខ្សែ​ក្រវាត់​នៃ​ពួក​ខ្លាំង​ពូកែ

22 ទ្រង់​បើក​អស់​ទាំង​សេចក្តី​ជ្រៅ‌ជ្រះ​ចេញ​ពី​ងងឹត​មក ក៏​នាំ​យក​ម្លប់​សេចក្តី​ស្លាប់​ចេញ​មក ដាក់​នៅ​ពន្លឺ​ដែរ

23 ទ្រង់​ចំរើន​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ ទ្រង់​ពង្រីក​ឲ្យ​គេ​ធំ​ឡើង រួច​ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ