16 ហើយនេះនឹងបានជាសេចក្តីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិលល្មើសនឹងចូលទៅនៅចំពោះទ្រង់មិនបាន
17 ចូរប្រុងស្តាប់សេចក្តីរបស់ខ្ញុំចុះ ហើយឲ្យសេចក្តីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង
18 មើល ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត
19 តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
20 ឱសូមព្រះទ្រង់ប្រោសសេចក្តីតែ២មុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួនពីព្រះភក្ត្រទ្រង់ឡើយ
21 គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្តីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត
22 នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានព្រះបន្ទូលឆ្លើយមកវិញ