យ៉ូប 14:13-19 KHOV

13 ឱ​បើ​ទ្រង់​នឹង​លាក់​ទូល‌បង្គំ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​អេះ ហើយ​ទុក​ទូល‌បង្គំ​នៅ​ទី​ស្ងាត់​កំបាំង​ដរាប​ដល់​សេចក្តី​ក្រោធ​របស់​ទ្រង់ កន្លង​បាត់​ទៅ ហើយ​ដំរូវ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូល‌បង្គំ រួច​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង

14 បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ បើ​មាន នោះ​ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង​សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំ​បាន​រឥល​ចេញ​ទៅ

15 នោះ​ទ្រង់​នឹង​ហៅ ហើយ​ទូល‌បង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ‌ហឫ‌ទ័យ​ដល់​ស្នាដៃ​ដែល​ទ្រង់​បាន​ធ្វើ

16 តែ​សព្វ​ថ្ងៃ​នេះ ទ្រង់​រាប់​អស់​ទាំង​ជំហាន​ទូល‌បង្គំ​វិញ តើ​ទ្រង់​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង​ទេ​ឬ​អី

17 សេចក្តី​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ទ្រង់​បិទ​ភ្ជាប់​អំពើ​អាក្រក់​របស់​ទូល‌បង្គំ​ផង។

18 ឯ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅ

19 ឯ​ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចំរោះ​ដី គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បំផ្លាញ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​ទៅ