19 ទ្រង់បានបោះខ្ញុំទៅក្នុងទីល្បាប់ ខ្ញុំក៏បានត្រឡប់ទៅដូចជាធូលីដី និងផេះហើយ
20 ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសំឡឹងមើលទូលបង្គំប៉ុណ្ណោះ
21 ទ្រង់បានត្រឡប់ទៅជាសាហាវដល់ទូលបង្គំ ក៏បៀតបៀនទូលបង្គំ ដោយអានុភាពនៃព្រះហស្តទ្រង់
22 ទ្រង់លើកទូលបង្គំឡើងឲ្យត្រូវខ្យល់ ហើយបណ្តែតទូលបង្គំទៅតាម ទ្រង់រំលាយទូលបង្គំដោយខ្យល់ព្យុះ
23 ដ្បិតទូលបង្គំដឹងថា ទ្រង់នឹងនាំទូលបង្គំឲ្យត្រូវស្លាប់ គឺឲ្យទៅឯទីសំណាក់ដែលទុកសំរាប់ឲ្យមនុស្សរស់ទាំងអស់ចូលទៅ។
24 ប៉ុន្តែ កាលមនុស្សដួលចុះ តើមិនយកដៃទប់ខ្លួនទេឬអី ឬកាលណាមានសេចក្តីអន្តរាយ តើមិនស្រែករកគេជួយដែរឬ
25 ឯខ្ញុំ តើមិនបានស្រក់ទឹកភ្នែកនឹងមនុស្សដែលមានសេចក្តីលំបាក ហើយព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬអី