យ៉ូប 39:18-24 KHOV

18 វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង នោះ​វា​មើល‌ងាយ​ដល់​ទាំង​សេះ និង​អ្នក​ជិះ​ផង។

19 តើ​ឯង​ឬ​អី ដែល​ឲ្យ​សេះ​មាន​កំឡាំង តើ​ឯង​ឬ​អី​ដែល​តាក់‌តែង ឲ្យ​សេះ​មាន​សក់​ដែល​រលាស់ ដោយ​ខ្យល់

20 តើ​ឯង​ឬ​អី ដែល​ធ្វើ​ឲ្យ​វា​អាច​លោត ដូច​ជា​កណ្តូប ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច

21 វា​កាយ​បូល​ដី​នៅ​វាល​ច្រក​ភ្នំ ហើយ​ក៏​អរ​សប្បាយ​ដោយ​កំឡាំង​វា ក៏​ចេញ​ទៅ​ប្រទល់​នឹង​មនុស្ស ដែល​ពាក់​គ្រឿង​សស្ត្រា‌វុធ

22 វា​មើល‌ងាយ​សេចក្តី​ភិត‌ភ័យ ហើយ​មិន​ចេះ​រុញ‌រា​ឡើយ ក៏​មិន​ដែល​គេច​ចេញ​ពី​ដាវ​ដែរ

23 បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ‌ផ្លេកៗ និង​ដែក​ពួយ​ផង

24 វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ