16 បើសិនជាខ្ញុំបានអំពាវនាវ ហើយទ្រង់បានឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ទ្រង់បានទទួលស្តាប់សំឡេងរបស់ខ្ញុំដែរ
17 ដ្បិតទ្រង់បំបែកបំបាក់ខ្ញុំដោយសារខ្យល់ព្យុះ ក៏ចំរើនរបួសខ្ញុំឲ្យច្រើនឡើងដោយឥតហេតុ
18 ទ្រង់មិនបើកឲ្យខ្ញុំដកទាំងដង្ហើមផង គឺទ្រង់ចំអែតខ្ញុំដោយសេចក្តីជូរល្វីងវិញ
19 បើនឹងគិតប្រើកំឡាំង នោះមើល ទ្រង់ក៏ខ្លាំងជាងទៅទៀត ឬបើគិតពីសេចក្តីជំនុំជំរះ នោះទ្រង់មានព្រះបន្ទូលមកថា តើអ្នកណានឹងកោះហៅអញ
20 បើខ្ញុំនឹងតាំងខ្លួនជាសុចរិត នោះមាត់ខ្ញុំនឹងបានកាត់ទោសដល់ខ្លួនវិញ បើខ្ញុំថា ខ្ញុំទៀងត្រង់ នោះនឹងបង្ហាញច្បាស់ថា ខ្ញុំវៀចវេរហើយ
21 ទោះបើខ្ញុំបានគ្រប់លក្ខណ៍ គង់តែមិនពឹងដល់ខ្លួនឯងទេ ខ្ញុំស្អប់ជីវិតនៃខ្ញុំ
22 សេចក្តីទាំងនោះត្រូវគ្នាទាំងអស់ បានជាខ្ញុំថា ទ្រង់បំផ្លាញទាំងមនុស្សគ្រប់លក្ខណ៍ និងមនុស្សអាក្រក់ផង