លោកុប្បត្តិ 1:23-29 KHOV

23 នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៥។

24 បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​មាន​ចតុប្បាទ​ជាតិ​កើត​មក​នៅ​ដី​គោក​តាម​ពូជ គឺ​ជា​សត្វ​ស្រុក​សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ នោះ​ក៏​មាន​ដូច្នោះ

25 ទ្រង់​ក៏​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​គោក​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ

26 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង

27 ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី

28 ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ‌ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង

29 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​មាន​គ្រាប់​ពូជ​ដែល​ដុះ​នៅ​លើ​ផែនដី និង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​កើត​ផ្លែ​មាន​គ្រាប់​ពូជ ទុក​ជា​អាហារ​ដល់​ឯង