1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ
2 អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ
3 អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង
4 អាប់រ៉ាមក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ឡុតក៏ទៅជាមួយដែរ កាលអាប់រ៉ាមចេញពីខារ៉ានទៅ នោះគាត់អាយុបាន៧៥ឆ្នាំហើយ