7 មួយទៀត ពួកគង្វាលរបស់អាប់រ៉ាម និងពួកគង្វាលរបស់ឡុតក៏ចេះតែប្រឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ
8 នោះអាប់រ៉ាមនិយាយនឹងឡុតថា សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯង និងពួកគង្វាលរបស់អញមានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា
9 ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងឬអី ដូច្នេះ សូមឲ្យឯងញែកបែកចេញពីអញទៅ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្តាំ ឬបើឯងរើសយកខាងស្តាំ នោះអញនឹងទៅខាងឆ្វេងវិញ
10 ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម និងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង
11 ដូច្នេះ ឡុតក៏រើសយកវាលទន្លេយ័រដាន់ទាំងអស់ ជារបស់ផងខ្លួន រួចចេញដំណើរដើរទៅខាងកើត គេបានឃ្លាតចេញពីគ្នាដូច្នោះឯង
12 ឯអាប់រ៉ាមគាត់តាំងទីលំនៅនៅក្នុងស្រុកកាណានវិញ តែឡុតគាត់ស្នាក់នៅអស់ទាំងទីក្រុងនៅស្រុកវាលនោះ ហើយក៏ផ្លាស់ត្រសាលគាត់ទៅត្រឹមសូដុំម
13 រីឯពួកក្រុងសូដុំម គេជាមនុស្សអាក្រក់ ធ្វើបាបនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹក។