20 ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។
21 ឯស្តេចក្រុងសូដុំមក៏មានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឲ្យតែមនុស្សមកខ្ញុំបានហើយ ឯរបស់ទ្រព្យទាំងប៉ុន្មាន ចូរយកទុកជារបស់ផងអ្នកចុះ
22 តែអាប់រ៉ាមគាត់ទូលទៅស្តេចសូដុំមថា ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដីថា
23 ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានព្រះបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន
24 សូមយកតែរបស់ណាដែលពួកបាវបំរើបានទទួលទានទៅហើយប៉ុណ្ណោះ ឯចំណែកពួកមនុស្សដែលបានចេញទៅជាមួយនឹងទូលបង្គំនេះ គឺអាន់នើរ អែសកុល និងម៉ាមរេ នោះឲ្យគេយកចំណែករបស់គេចុះ។