លោកុប្បត្តិ 14:8-14 KHOV

8 ស្តេច​ក្រុង​សូដុំម ស្តេច​ក្រុង​កូម៉ូរ៉ា ស្តេច​ក្រុង​អាត់ម៉ា ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា គឺ​ជា​សូអារ ក៏​នាំ​គ្នា​ចេញ​ទៅ​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ទាំង​នោះ នៅ​ត្រង់​វាល​ច្រក​ស៊ីឌីម

9 គឺ​ច្បាំង​នឹង​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ធីដាល​ជា​ស្តេច​កូយីម អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ និង​អើយ៉ុក​ជា​ស្តេច​អេឡាសារ មាន​ស្តេច​៤​អង្គ​ច្បាំង​នឹង​ស្តេច​៥​អង្គ

10 ឯ​វាល​ច្រក​ស៊ីឌីម នោះ​មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុំម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​គេ​រត់​ទៅ ក៏​ដួល​នៅ​ទី​នោះ ឯ​អស់​អ្នក​ដែល​នៅ​សល់ គេ​រត់​ទៅ​ឯ​ភ្នំ

11 រួច​ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​ទាំង​អស់ ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​ចេញ​បាត់​ទៅ

12 ក៏​ចាប់​ឡុត ជា​ក្មួយ​អាប់រ៉ាម ដែល​នៅ​ក្រុង​សូដុំម និង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​ទៅ​ជា​មួយ​ដែរ។

13 មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែស‌កុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម

14 កាល​អាប់រ៉ាម​បាន​ឮ​ថា គេ​ចាប់​ក្មួយ​ខ្លួន​ទៅ​ជា​ឈ្លើយ​ដូច្នោះ នោះ​គាត់​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់ លើក​គ្នា​ចេញ​ទៅ​ដេញ​តាម​គេ​រហូត​ដល់​ដាន់