លោកុប្បត្តិ 16:1-7 KHOV

1 រីឯ​សារ៉ាយ ប្រពន្ធ​អាប់រ៉ាម នាង​មិន​បង្កើត​កូន​ឲ្យ​គាត់​សោះ តែ​នាង​មាន​បាវ​ស្រី​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​ហាការ

2 ដូច្នេះ សារ៉ាយ​ក៏​និយាយ​ទៅ​អាប់រ៉ាម​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បង្ខាំង​មិន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ ហេតុ​នោះ សូម​អ្នក​អញ្ជើញ​ចូល​ទៅ​ឯ​បាវ​ស្រី​របស់​ខ្ញុំ​ចុះ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា អាប់រ៉ាម​ក៏​ស្តាប់​តាម

3 រួច​សារ៉ាយ​ប្រពន្ធ​អាប់រ៉ាម​ក៏​ឲ្យ​ហាការ​ជា​សាសន៍​អេស៊ីព្ទ​បាវ​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ប្ដី​ទៅ ក្នុង​ពេល​ក្រោយ​ដែល​អាប់រ៉ាម​បាន​នៅ​ស្រុក​កាណាន​១០​ឆ្នាំ​ហើយ

4 គាត់​ក៏​ចូល​ទៅ​ឯ​ហាការ ហើយ​នាង​មាន​ទំងន់ លុះ​ដឹង​ខ្លួន​ថា​មាន​ទំងន់​ដូច្នោះ នោះ​ក៏​តាំង​មើល‌ងាយ​ដល់​ចៅ‌ហ្វាយ​ខ្លួន​វិញ

5 សារ៉ាយ​នាង​និយាយ​ទៅ​អាប់រ៉ាម​ថា សូម​ឲ្យ​សេចក្ដី​កំហុស​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​អ្នក​ចុះ ដ្បិត​ខ្ញុំ​បាន​ឲ្យ​បាវ​ស្រី​របស់​ខ្ញុំ​ទៅ​អ្នក​ឱប ឥឡូវ​នេះ​ដែល​វា​ដឹង​ថា​មាន​ទំងន់​ហើយ នោះ​បែរ​ជា​មើល‌ងាយ​ដល់​ខ្ញុំ​វិញ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ‌ជំរះ​រឿង​របស់​យើង​ចុះ

6 នោះ​អាប់រ៉ាម​គាត់​ឆ្លើយ​នឹង​សារ៉ាយ​ថា មើល បាវ​ស្រី​ឯង​វា​នៅ​ក្នុង​អំណាច​របស់​ឯង​ស្រាប់​ហើយ ចូរ​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ឯង​គិត​ឃើញ​ថា​យ៉ាង​ណា​ស្រួល​ចុះ នោះ​សារ៉ាយ​ក៏​ប្រព្រឹត្ត​នឹង​នាង​ដោយ​តឹង‌រ៉ឹង​ណាស់ បាន​ជា​នាង​រត់​ចេញ​ពី​គាត់​ទៅ។

7 ទេវតា​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ឃើញ​នាង​នៅ​ទី​រហោ‌ស្ថាន​ជិត​ក្បាល​ទឹក​១ គឺ​ជា​ក្បាល​ទឹក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ស៊ើរ