6 នោះអាប់រ៉ាមគាត់ឆ្លើយនឹងសារ៉ាយថា មើល បាវស្រីឯងវានៅក្នុងអំណាចរបស់ឯងស្រាប់ហើយ ចូរប្រព្រឹត្តនឹងវាតាមតែឯងគិតឃើញថាយ៉ាងណាស្រួលចុះ នោះសារ៉ាយក៏ប្រព្រឹត្តនឹងនាងដោយតឹងរ៉ឹងណាស់ បានជានាងរត់ចេញពីគាត់ទៅ។
7 ទេវតានៃព្រះយេហូវ៉ា ទ្រង់ឃើញនាងនៅទីរហោស្ថានជិតក្បាលទឹក១ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ
8 ទ្រង់មានព្រះបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក
9 នោះទេវតានៃព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ
10 ទេវតានៃព្រះយេហូវ៉ាក៏មានព្រះបន្ទូលទៅនាងថា អញនឹងចំរើនពូជឯង ឲ្យមានសន្ធឹកឥតគណនា
11 ទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលនឹងនាងទៀតថា មើល ឯងមានទំងន់ ឯងនឹងបង្កើតបានកូនប្រុស១ដែលត្រូវឲ្យឈ្មោះថា អ៊ីសម៉ាអែល ពីព្រោះព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្ដីទុក្ខលំបាករបស់ឯង
12 វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា