លោកុប្បត្តិ 16:7-13 KHOV

7 ទេវតា​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ឃើញ​នាង​នៅ​ទី​រហោ‌ស្ថាន​ជិត​ក្បាល​ទឹក​១ គឺ​ជា​ក្បាល​ទឹក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ស៊ើរ

8 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មក​ពី​ណា ហើយ​គិត​ទៅ​ឯ​ណា​ហ្នឹង នាង​ទូល​ឆ្លើយ​នឹង​ទេវតា​ថា ខ្ញុំ​ម្ចាស់​រត់​ចេញ​ពី​សារ៉ាយ​ជា​ចៅ‌ហ្វាយ​របស់​ខ្ញុំ​ម្ចាស់​មក

9 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា ចូរ​វិល​ទៅ​ឯ​ចៅ‌ហ្វាយ​ឯង​វិញ​ទៅ ហើយ​ចុះ​ចូល​នឹង​អំណាច​របស់​គាត់​វិញ

10 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា អញ​នឹង​ចំរើន​ពូជ​ឯង ឲ្យ​មាន​សន្ធឹក​ឥត​គណនា

11 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​នាង​ទៀត​ថា មើល ឯង​មាន​ទំងន់ ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​១​ដែល​ត្រូវ​ឲ្យ​ឈ្មោះ​ថា អ៊ីស‌ម៉ា‌អែល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ពី​សេចក្ដី​ទុក្ខ​លំបាក​របស់​ឯង

12 វា​នឹង​បាន​ដូច​ជា​លា​ព្រៃ​នៅ​កណ្តាល​មនុស្ស ដៃ​វា​នឹង​បាន​ទាស់​នឹង​មនុស្ស​ទាំង​អស់ហើយ​ដៃ​មនុស្ស​ទាំង​អស់​នឹង​បាន​ទាស់​នឹង​វា​ដែរ វា​នឹង​តាំង​ទី​លំនៅ​នៅ​មុខ​ពួក​បង​ប្អូន​ទាំង​អស់​គ្នា

13 នោះ​នាង​ក៏​ហៅ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​កំពុង​មាន​ព្រះ‌បន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ» ដ្បិត​នាង​គិត​ថា នៅ​ទី​នេះ​អញ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់​ទត​ឃើញ​អញ​ទេ​តើ