1 លុះដល់អាប់រ៉ាមអាយុបាន៩៩ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់លេចមកឯ គាត់ប្រាប់ថា អញជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
2 នោះអញនឹងតាំងសញ្ញានឹងឯង ហើយនឹងចំរើនឯងឲ្យមានគ្នាជាសន្ធឹកឡើង
3 អាប់រ៉ាមក៏ក្រាបផ្កាប់មុខ រួចព្រះទ្រង់មានព្រះបន្ទូលនឹងគាត់ថា
4 ឯអញ មើល អញបានតាំងសេចក្ដីសញ្ញានឹងឯងហើយ ឯងនឹងធ្វើជាឪពុកនៃសាសន៍ជាច្រើន
5 ឈ្មោះឯងមិនត្រូវហៅថា អាប់រ៉ាមទៀតទេ គឺត្រូវហៅថា អ័ប្រាហាំវិញ ដ្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃសាសន៍ជាច្រើន
6 អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ