16 អញនឹងឲ្យពរដល់នាង ហើយនឹងឲ្យឯងមានកូនពីនាងដែរ អញនឹងឲ្យពរដល់នាងជាពិត នាងនឹងធ្វើជាម្តាយនៃនគរផ្សេងៗ ហើយនឹងមានស្តេចនៃសាសន៍ជាច្រើនចេញពីនាងមក
17 នោះអ័ប្រាហាំក៏ក្រាបផ្កាប់មុខ និងអស់សំណើចក្នុងចិត្តថា តើនឹងមានកូនកើតដល់មនុស្សអាយុ១០០ឆ្នាំបានដែរឬ ហើយសារ៉ាដែលអាយុ៩០ឆ្នាំទៅហើយ តើនឹងបង្កើតកូនបានឬទេ
18 រួចអ័ប្រាហាំទូលថា ឱបើសិនជាអ៊ីសម៉ាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ
19 នោះព្រះទ្រង់មានព្រះបន្ទូលថា សារ៉ាប្រពន្ធឯងនឹងបង្កើតកូនឲ្យឯងមែន ហើយឯងត្រូវឲ្យឈ្មោះថាអ៊ីសាក អញនឹងតាំងសញ្ញានឹងវា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សំរាប់ពូជវាតរៀងទៅ
20 ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើល អញបានឲ្យពរដល់វា ហើយនឹងធ្វើឲ្យវាកើតបានកូនចំរើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយ១២នាក់ ហើយអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១យ៉ាងធំ
21 តែឯសេចក្ដីសញ្ញារបស់អញ នោះនឹងបានតាំងនឹងអ៊ីសាកវិញ ដែលសារ៉ានឹងបង្កើតឲ្យដល់ឯងនៅកំណត់ឆ្នាំក្រោយនេះ
22 លុះព្រះទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំស្រេចហើយ នោះទ្រង់ឃ្លាតចេញពីគាត់ហោះឡើងទៅ។