5 ឈ្មោះឯងមិនត្រូវហៅថា អាប់រ៉ាមទៀតទេ គឺត្រូវហៅថា អ័ប្រាហាំវិញ ដ្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃសាសន៍ជាច្រើន
6 អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ
7 អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមតំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង និងពូជឯងតទៅ
8 ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯង និងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។
9 រួចទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំទៀតថា ឯឯង ត្រូវឲ្យឯងកាន់តាមសេចក្ដីសញ្ញារបស់អញ ទាំងឯង និងពូជឯងតរៀងទៅ តាមដំណគេ
10 នេះជាសេចក្ដីសញ្ញារបស់អញ ដែលឯងនឹងពូជឯងត្រូវកាន់ចំពោះអញតរៀងទៅគឺថា គ្រប់ទាំងប្រុសៗក្នុងពួកឯង ត្រូវតែកាត់ស្បែក
11 ឯងរាល់គ្នាត្រូវកាត់ស្បែកក្រោមចុងស្វាស ទុកជាទីសំគាល់ពីសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយនឹងគ្នា