24 បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ ដែលនៅទីនោះទេឬអី
25 មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នោះ និងសំឡាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី
26 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើអញឃើញមានមនុស្សសុចរិត៥០នាក់នៅក្នុងទីក្រុងសូដុំម នោះអញនឹងប្រណីដល់ទីនោះ ដោយយល់ដល់គេវិញ
27 រួចអ័ប្រាហាំគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ដែលទូលបង្គំជាធូលីដី ហើយជាផេះទទេ
28 ក្នុងមនុស្សសុចរិតទាំង៥០នាក់នោះ ប្រហែលជានឹងមានខ្វះ៥នាក់ ដូច្នេះ តើទ្រង់នឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះ៥នាក់ឬអី នោះទ្រង់មានព្រះបន្ទូលថា បើអញឃើញមាន៤៥នាក់ នោះអញមិនបំផ្លាញទេ
29 គាត់ក៏ទូលទ្រង់ទៀតថា ប្រហែលជារកបានតែ៤០នាក់ទេ នោះទ្រង់មានព្រះបន្ទូលថា អញមិនធ្វើអ្វីទេ ដោយយល់ដល់៤០នាក់នោះ
30 រួចគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ នោះទូលបង្គំនឹងទូលទៀតថា នៅទីនោះប្រហែលជានឹងឃើញមានតែ៣០នាក់ទេ នោះទ្រង់មានព្រះបន្ទូលថា បើអញឃើញមាន៣០នាក់ នោះអញក៏មិនធ្វើអ្វីដែរ