លោកុប្បត្តិ 18:25-31 KHOV

25 មិន​គួរ​គប្បី​ឲ្យ​ទ្រង់​ប្រព្រឹត្ត​ដូច្នោះ និង​សំឡាប់​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​នោះ​ទេ យ៉ាង​នោះ​ឈ្មោះ​ថា​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាន​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​កុំ​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ​ឡើយ ឯ​ព្រះ​ដ៏​ជា​ចៅ‌ក្រម​ផែនដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ​អី

26 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​អញ​ឃើញ​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ក្នុង​ទី​ក្រុង​សូដុំម នោះ​អញ​នឹង​ប្រណី​ដល់​ទី​នោះ ដោយ​យល់​ដល់​គេ​វិញ

27 រួច​អ័ប្រា‌ហាំ​គាត់​ទូល​ថា មើល ឥឡូវ​ទូល‌បង្គំ​បាន​ផ្តើម​ទូល​នឹង​ព្រះ‌អម្ចាស់​ដែល​ទូល‌បង្គំ​ជា​ធូលី​ដី ហើយ​ជា​ផេះ​ទទេ

28 ក្នុង​មនុស្ស​សុចរិត​ទាំង​៥០​នាក់​នោះ ប្រហែល​ជា​នឹង​មាន​ខ្វះ​៥​នាក់ ដូច្នេះ តើ​ទ្រង់​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​មូល ដោយ​ព្រោះ​ខ្វះ​៥​នាក់​ឬ​អី នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​អញ​ឃើញ​មាន​៤៥​នាក់ នោះ​អញ​មិន​បំផ្លាញ​ទេ

29 គាត់​ក៏​ទូល​ទ្រង់​ទៀត​ថា ប្រហែល​ជា​រក​បាន​តែ​៤០​នាក់​ទេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​ធ្វើ​អ្វី​ទេ ដោយ​យល់​ដល់​៤០​នាក់​នោះ

30 រួច​គាត់​ទូល​ថា សូម​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ខ្ញាល់ នោះ​ទូល‌បង្គំ​នឹង​ទូល​ទៀត​ថា នៅ​ទី​នោះ​ប្រហែល​ជា​នឹង​ឃើញ​មាន​តែ​៣០​នាក់​ទេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​អញ​ឃើញ​មាន​៣០​នាក់ នោះ​អញ​ក៏​មិន​ធ្វើ​អ្វី​ដែរ

31 រួច​គាត់​ទូល​ថា មើល ឥឡូវ​ទូល‌បង្គំ​បាន​ផ្តើម​ទូល​នឹង​ព្រះ‌អម្ចាស់​ប្រហែល​ជា​រក​បាន​តែ​២០​នាក់​ប៉ុណ្ណោះ​នៅ​ទី​នោះ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បំផ្លាញ​ទេ ដោយ​យល់​ដល់​២០​នាក់​នោះ