លោកុប្បត្តិ 18:3-9 KHOV

3 ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ‌សិន​ជា​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់ នោះ​សូម​កុំ​អាល​យាង​ហួស​ពី​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​ទៅ​ឡើយ

4 សូម​រង់‌ចាំ​ឲ្យ​គេ​យក​ទឹក​មក​បន្តិច​នឹង​លាង​ព្រះ‌បាទ​ទ្រង់ ហើយ​សូម​ទ្រង់​ឈប់​សំរាក​ក្រោម​ដើម​ឈើ​នេះ​សិន

5 ទូល‌បង្គំ​នឹង​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ថ្វាយ ឲ្យ​ទ្រង់​មាន​កំឡាំង​ឡើង រួច​សឹម​យាង​ទៅ​ចុះ ដ្បិត​ទ្រង់​បាន​យាង​មក​ដល់​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ធ្វើ​ដូច​ជា​ឯង​បាន​និយាយ​ចុះ

6 អ័ប្រា‌ហាំ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​ត្រសាល ប្រាប់​សារ៉ា​ថា ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​៣​រង្វាល់​មក​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់ៗ

7 រួច​គាត់​រត់​ទៅ​ឯ​ហ្វូង​សត្វ ចាប់​យក​កូន​គោ​១​ដែល​មាន​សាច់​ទន់‌ល្វន់​ល្អ ប្រគល់​ឲ្យ​ដល់​បាវ​បំរើ​ម្នាក់ ហើយ​បាវ​នោះ​ក៏​បាន​ចាត់‌ចែង​យ៉ាង​ប្រញាប់‌ប្រញាល់

8 នោះ​គាត់​យក​ខ្លាញ់​ទឹក​ដោះ ហើយ​នឹង​ទឹក​ដោះ​រាវ និង​កូន​គោ​ដែល​បាន​រៀប‌ចំ​ទៅ​ថ្វាយ​ដល់​ទ្រង់ រួច​ឈរ​នៅ​ក្រោម​ដើម​ឈើ​ជិត​ទ្រង់ ហើយ​ទ្រង់​ក៏​សោយ​ទៅ។

9 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា សារ៉ា​ប្រពន្ធ​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ត្រសាល​ឯ​ណោះ