លោកុប្បត្តិ 18:7-13 KHOV

7 រួច​គាត់​រត់​ទៅ​ឯ​ហ្វូង​សត្វ ចាប់​យក​កូន​គោ​១​ដែល​មាន​សាច់​ទន់‌ល្វន់​ល្អ ប្រគល់​ឲ្យ​ដល់​បាវ​បំរើ​ម្នាក់ ហើយ​បាវ​នោះ​ក៏​បាន​ចាត់‌ចែង​យ៉ាង​ប្រញាប់‌ប្រញាល់

8 នោះ​គាត់​យក​ខ្លាញ់​ទឹក​ដោះ ហើយ​នឹង​ទឹក​ដោះ​រាវ និង​កូន​គោ​ដែល​បាន​រៀប‌ចំ​ទៅ​ថ្វាយ​ដល់​ទ្រង់ រួច​ឈរ​នៅ​ក្រោម​ដើម​ឈើ​ជិត​ទ្រង់ ហើយ​ទ្រង់​ក៏​សោយ​ទៅ។

9 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា សារ៉ា​ប្រពន្ធ​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ត្រសាល​ឯ​ណោះ

10 ទ្រង់មាន​ព្រះ‌បន្ទូល​ថា ដល់​កំណត់ អញ​នឹង​មក​ឯ​ឯង​វិញ​ជា​មិន​ខាន នោះ​សារ៉ា​ប្រពន្ធ​ឯង​នឹង​មាន​កូន​ប្រុស​១ ចំណែក​សារ៉ា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ខាង​ក្រោយ​គាត់ នាង​ក៏​បាន​ឮ​ដែរ

11 រីឯ​អ័ប្រា‌ហាំ និង​សារ៉ា គាត់​ជា​មនុស្ស​ចាស់​មាន​អាយុ​ច្រើន​ណាស់ សារ៉ា​អស់​មាន​រដូវ​កាល​តាម​ទំលាប់​ស្ត្រី​ទៀត​ហើយ

12 នាង​នឹក​អស់​សំណើច​ក្នុង​ខ្លួន​ថា អញ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​ដំរេក​ទៀត​ដែរ​ឬ​អី ណា​មួយ​លោក​ម្ចាស់​ប្ដី​អញ​ក៏​ចាស់​ណាស់​ដែរ

13 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ័ប្រា‌ហាំ​ថា ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ​ថា ដែល​ចាស់​ប៉ុណ្ណោះ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ