លោកុប្បត្តិ 19:10-16 KHOV

10 តែ​ទេវតា​លូក​ដៃ​ទៅ​ចាប់​ឡុត​ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត

11 ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ត្រង់​មាត់​ទ្វារ​នោះ​ខ្វាក់​ភ្នែក​ទៅ​ទាំង​តូច​ទាំង​ធំ បាន​ជា​គេ​អស់​ចិត្ត​នឹង​រក​ទ្វារ​ទៀត។

12 រួច​ទេវតា​សួរ​ឡុត​ថា តើ​ឯង​មាន​អ្នក​ណា​ទៀត នៅ​ទី​នេះ​ឬ​ទេ ទោះ​បើ​កូន​ប្រសា ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ចូរ​នាំ​ពួក​ឯង​ទាំង​អស់​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ

13 ដ្បិត​យើង​នឹង​បំផ្លាញ​ទី​នេះ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ នេះ​គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​បំផ្លាញ​ចេញ

14 នោះ​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​ដល់​កូន​ប្រសា ដែល​បាន​យក​កូន​ស្រី​គាត់​ថា ចូរ​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​រៀប​នឹង​បំផ្លាញ​ទី​ក្រុង​ចោល តែ​ពួក​កូន​ប្រសា​គាត់​ស្មាន​ថា គាត់​និយាយ​លេង​ទេ។

15 លុះ​ពេល​ភ្លឺ​ឡើង នោះ​ទេវតា​បង្ខំ​ឡុត​ថា ចូរ​ក្រោក​ឡើង យក​ប្រពន្ធ​ហើយ​នឹង​កូន​ស្រី​ទាំង​២​នាក់​ដែល​នៅ​ឯ​ណេះ​ទៅ ក្រែង​ឯង​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ

16 តែ​គាត់​នៅ​បង្អែ‌បង្អង់ នោះ​ទេវតា​ក៏​ចាប់​ដៃ​គាត់ និង​ដៃ​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​គាត់​ទាំង​២​នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់