8 មើល ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ
9 តែគេកំហែងទៅថា ចូរចៀសចេញ ហើយមានខ្លះគេនិយាយថា អា១នេះបានចូលមកស្នាក់នៅទីនេះ ឥឡូវចង់តាំងខ្លួនធ្វើជាចៅក្រមវិញ អើ បើដូច្នេះយើងនឹងធ្វើឯងឥឡូវ ឲ្យអាក្រក់ជាង២នាក់នោះទៅទៀតផង រួចគេក៏ប្រជ្រៀតលើឡុតជាខ្លាំង ព្រមទាំងរំលោភចូលទៅជិតចង់ទំលាយទ្វារ
10 តែទេវតាលូកដៃទៅចាប់ឡុតទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត
11 ក៏ធ្វើឲ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅទាំងតូចទាំងធំ បានជាគេអស់ចិត្តនឹងរកទ្វារទៀត។
12 រួចទេវតាសួរឡុតថា តើឯងមានអ្នកណាទៀត នៅទីនេះឬទេ ទោះបើកូនប្រសា ឬកូនប្រុសកូនស្រីឯងក្តី ចូរនាំពួកឯងទាំងអស់ចេញពីទីក្រុងនេះទៅ
13 ដ្បិតយើងនឹងបំផ្លាញទីនេះ ពីព្រោះសំរែករបស់គេបានឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ នេះគឺព្រះយេហូវ៉ាទ្រង់បានចាត់ឲ្យយើងមកបំផ្លាញចេញ
14 នោះឡុតក៏ចេញទៅប្រាប់ដល់កូនប្រសា ដែលបានយកកូនស្រីគាត់ថា ចូរក្រោកឡើងចេញពីទីនេះទៅ ពីព្រោះព្រះយេហូវ៉ារៀបនឹងបំផ្លាញទីក្រុងចោល តែពួកកូនប្រសាគាត់ស្មានថា គាត់និយាយលេងទេ។