8 អ័ប៊ីម៉្មាឡិចក៏ក្រោកពីព្រលឹម ទៅហៅពួកបំរើទ្រង់ទាំងអស់មក ប្រាប់សេចក្ដីទាំងនោះដល់ត្រចៀកគេ គេក៏មានសេចក្ដីភ័យស្លុតទាំងអស់គ្នា
9 រួចអ័ប៊ីម៉្មាឡិចហៅអ័ប្រាហាំមកបន្ទោសថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ តើខ្ញុំបានធ្វើបាបនឹងអ្នកដូចម្តេច បានជាអ្នកនាំឲ្យខ្ញុំ ហើយនឹងនគរខ្ញុំមានបាបជាធ្ងន់ដល់ម៉្លេះ អ្នកបានប្រព្រឹត្តនឹងខ្ញុំចំពោះសេចក្ដីដែលមិនត្រូវប្រព្រឹត្តឡើយ
10 អ័ប៊ីម៉្មាឡិចក៏សួរអ័ប្រាហាំថា តើអ្នកឃើញដូចម្តេចបានជាធ្វើដូច្នេះ
11 អ័ប្រាហាំទូលថា ពីព្រោះទូលបង្គំនឹកថា ប្រាកដជាគ្មានសេចក្ដីកោតខ្លាចដល់ព្រះនៅទីនេះទេ ហើយថា គេនឹងសំឡាប់ទូលបង្គំចោល ដោយព្រោះប្រពន្ធរបស់ទូលបង្គំនេះ
12 មួយទៀត នាងជាប្អូនទូលបង្គំមែន គឺជាកូនរបស់ឪពុកទូលបង្គំ ប៉ុន្តែមិនមែនជាពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកធ្វើជាប្រពន្ធទៅ
13 កាលព្រះទ្រង់បានធ្វើឲ្យទូលបង្គំដើរចាកចោលផ្ទះឪពុកមក នោះទូលបង្គំបាននិយាយនឹងនាងថា ត្រូវឲ្យឯងអាណិតដល់អញយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ នោះត្រូវនិយាយពីអញថាជាបងឯង
14 នោះអ័ប៊ីម៉្មាឡិចក៏យកហ្វូងចៀមហ្វូងគោ និងបាវប្រុសបាវស្រី ប្រទានដល់អ័ប្រាហាំ ព្រមទាំងប្រគល់សារ៉ា ជាប្រពន្ធ ទៅវិញផង